ទារកអាយុក្រោម៦ខែ អាណាព្យាបាលអាចផ្ដល់ជាតិទឹកជូនគាត់បានដែរឫទេ?
ម៉ាក់ប៉ាមួយចំនួនសង្កេតឃើញកូនតូចអាយុក្រោម៦ខែឧស្សាហ៍បែកញើស ស្អិតខ្លួន ដែលធ្វើឱ្យចិត្តពួកគាត់ចង់ផ្ដល់ជាតិទឹកជូនកូន តែមិនដឹងគួរផ្ដល់ ឫ យ៉ាងណា? អត្ថបទមួយនេះនឹងជម្រាបម៉ាក់ប៉ាថាទឹកមានសុវត្ថិភាព ឫ គ្មានសុវត្ថិភាពសម្រាប់ទារកអាយុក្រោម៦ខែ? ហើយពេលណា ដែលលោកប៉ាអ្នកម៉ាក់អាចផ្ដល់ជាតិទឹកជូនកូនៗជាទីស្រលាញ់បាន?
ពិតណាស់!!! ការផ្ដល់ជាតិទឹកសម្រាប់ទារកអាយុក្រោម៦ខែគឺមិនមានសុវត្ថិភាពទេ។
ទឹកដោះម្ដាយអាចផ្ដល់នូវជាតិទឹក និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ដល់ទារកអាយុក្រោម៦ខែ។ ការផ្ដល់ជាតិទឹកបន្ថែមពីលើទឹកដោះម្ដាយ ងាយធ្វើឱ្យទារកឆ្អែត មិនចង់បៅទឹកដោះម្ដាយដែលធ្វើឱ្យទារកងាយប្រឈមនឹងកង្វះសារជាតិចិញ្ចឹម ព្រមទាំងប្រឈមនឹងការស្រកទំងន់ថែមទៀតផង។ ការផ្ដល់ជាតិទឹកសម្រាប់ទារកអាយុក្រោម៦ខែ ក៏អាចធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញទឹកដោះម្ដាយដែរ ដោយសារការបំបៅទឹកដល់ទារកក្រោម៦ខែ ងាយធ្វើឱ្យក្មេងឆ្អែត មិនចង់បៅដោះម្ដាយ ធ្វើឱ្យការបញ្ចេញទឹកដោះម្ដាយមានភាពរអាក់រអួល (ការបៅបានទៀងទាត់ និងញឹកញាប់ជម្រុញដល់ការបញ្ចេញទឹកដោះរបស់ម្ដាយ)។ ហេតុផលកម្របន្ថែមដែលមិនគួរផ្ដល់ជាតិទឹកដល់ទារកក្រោម៦ខែនោះ គឺងាយធ្វើឱ្យតម្រងនោមក្មេងបញ្ចេញចោលនូវជាតិសូដ្យូម និងជាតិរ៉ែសំខាន់ៗក្នុងបរិមាណច្រើន ដែលករណីធ្ងន់ធ្ងរប្រឈមនឹងការប្រកាច់ (បាត់បង់ជាតិអំបិលច្រើន) សីតុណ្ហភាពរាងកាយធ្លាក់ចុះ(ទាបជាង 36oC) សន្លឹមសន្លប់ និងហើមជាដើម។
តើពេលណាដែលម៉ាក់ប៉ាអាចផ្ដល់ជាតិទឹកដល់កូនៗ? ចូលដល់វ័យ៦ខែ ជាវ័យដែលលោកប៉ាអ្នកម៉ាក់អាចផ្ដល់អាហារបន្ថែមដល់កូនៗជាទីស្រលាញ់ ក្នុងនោះលោកប៉ាអ្នកម៉ាក់ក៏អាចផ្ដល់ជាតិទឹកជូនពួកគាត់ដែរ ដែលការផ្ដល់ជាតិទឹកនេះក្នុងបរិមាណមួយសមស្រប ប្រហាក់ប្រហែល 60 ទៅ 120ml ក្នុងមួយថ្ងៃសម្រាប់វ័យក្រោម១២ខែ ហើយឈានចូលទៅដល់វ័យ១២ខែឡើង ម៉ាក់ប៉ាអាចផ្ដល់ជាតិទឹករហូតដល់ 500ml ក្នុងមួយថ្ងៃ តាមរយៈផ្ដល់ក្នុងបរិមាណតិច ប៉ុន្ដែច្រើនដង ប្រើប្រាស់ពែង ឫ ដបទឹកដែលមានភាពទាក់ទាញចិត្តក្មេង ឫ អាចផ្ដល់រៀងរាល់ក្រោយពេលក្មេងលេងរួច (ប្រហែល២០នាទីម្ដង)។ ការផ្ដល់ទឹកបានគ្រប់គ្រាន់ដល់ក្មេងតូចៗជួយកាត់បន្ថយពួកគាត់ពីកង្វះជាតិទឹក ជួយសម្រួលប្រព័ន្ធរំលាយអាហារ និងជួយកាត់បន្ថយបញ្ហាទល់លាមកថែមទៀតផង។
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
