11 ចំណុច កាត់បន្ថយការស្លាប់ដោយមិនដឹងមូលហេតុលើទារកតូចៗ (SIDS)
ការស្លាប់ដោយមិនដឹងមូលហេតុលើទារកតូចៗ (Sudden infant death syndrome or SIDS) ជាវិបត្តិមួយក្នុងចំណោមវិបត្តិដទៃទៀតដែលនាំឱ្យទារកមួយចំនួនបាត់បង់អាយុជីវិតដោយមិនដឹងមូលហេតុច្បាស់លាស់ ពិសេសទារកអាយុក្រោមមួយឆ្នាំ ហើយភាគច្រើនកើតឡើងអំឡុងពេលក្មេងគេង។
ខាងក្រោមនេះជាចំណុចសំខាន់ៗទាំង11 ដែលជួយកាត់បន្ថយការស្លាប់ដោយមិនដឹងមូលហេតុលើទារក៖
1. ដាក់ទារកឱ្យគេងផ្ងារ
សូមព្យាយាមដាក់ទារកឱ្យគេងផ្ងារអំឡុងពេលគាត់គេង ទោះបីជាការគេងក្នុងរយៈពេលខ្លីក៏ដោយ។ ការគេងបែបនេះ កាត់បន្ថយការឈ្លក់ និងថប់ដង្ហើមរបស់ក្មេង។ តែបើកូនតូចអាចក្រឡាប់ពីការគេងផ្ងារទៅជាការគេងផ្កាប់ និងពីផ្កាប់ទៅផ្ងារ ប៉ាម៉ាក់អាចឱ្យគេគេងតាមទម្លាប់គេបាន។
2. ប្រើពូក ឫ ទ្រនាប់គេងដែលមិនងាយទ្រុឌចុះក្រោម
ទារកគួរគេងលើផ្ទៃ ឫ ពូកដែលរឹង មិនងាយទ្រុឌចុះក្រោម ជាមួយនឹងកម្រាលត្រឹមតែមួយជាន់។ ពូកទន់ៗ ភួយ គ្រែគេងទារក (crib bumpers) និង/ឫ តុក្កតាទារកតូចៗ សុទ្ធសឹងតែជាកត្តាដែលធ្វើឱ្យទារកងាយប្រឈមនឹងការថប់ដង្ហើម។ ឧបករណ៍តម្រង់ការគេងក្មេង (Sleep positioners) ឫ ពូកក្មេងខ្ពស់ម្ខាងទាបម្ខាង (wedges) ក៏គួរជៀសវាងប្រើលើទារកតូចៗដែរ ដោយឧបករណ៍ទាំងនេះ ងាយធ្វើឱ្យក្មេងប្រឈមនឹងការថប់ខ្យល់ពេលក្មេងបម្រាស់ ឫ រអិលធ្លាក់ពីលើពូកប្រភេទនេះ។
3. គ្រប់គ្រងសីតុណ្ហភាព
សូមរក្សាសីតុណ្ហភាពបន្ទប់ទារកឱ្យមានផាសុក និងស្លៀកសំលៀកបំពាក់ឱ្យទារកមួយ ឫ ពីរជាន់ ដែលនេះក៏ចូលរួមចំណែកក្នុងការកាត់បន្ថយវត្ថុមិនចាំបាច់ដូចជាតុក្កតា និងភួយជាដើម។ សូមកុំដាក់ទារកក្នុងបន្ទប់ដែលមានសីតុណ្ហភាពក្ដៅជាងធម្មតា ដែលងាយធ្វើឱ្យទារកបែកញើស និងសូមដកសម្លៀកបំពាក់ក្មេងមិនចាំបាច់មួយចំនួនចេញ។ ទារកនឹងគេងបានស្កប់ស្កល់ និងមានសុវត្ថិភាពជាងមុន។
4. បំបៅទឹកដោះម្ដាយជាជម្រើសល្អបំផុត
អ្នកជំនាញបានបង្ហាញថា ទឹកដោះម្ដាយដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រឈមនឹងវិបត្តិស្លាប់ដោយមិនដឹងមូលហេតុលើទារកតូចៗ ពិសេសការបំបៅទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូង។
5. គេងក្នុងបន្ទប់ជាមួយគ្នា
ទារកដែលគេងក្នុងបន្ទប់ជាមួយគ្នានឹងម៉ាក់ប៉ា ងាយកាត់បន្ថយការប្រឈមនឹងវិបត្តិស្លាប់ដោយមិនដឹងមូលហេតុ ។ សូមដាក់ទារកគេងលើពូករឹង និងមិនងាយទ្រុឌ ពិសេសកុំគេងលក់ជាមួយទារកលើផ្ទៃទន់ៗដូចជាសាឡុង។ល។
6. ផ្ដល់ឱ្យទារកនូវក្បាលដោះជ័រ
ការជញ្ជក់ក្បាលដោះជ័រជួយឱ្យអណ្ដាតទារករាបស្មើរ និងមិនគ្រលាស់បិតបំពង់ដង្ហើម ដែលវិបត្តិនេះ អាចធ្វើឱ្យទារកស្លាប់ដោយមិនដឹងមូលហេតុ ។
7. បញ្ចៀសផ្សែងបារី
ការជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះ ក្រោយសម្រាល និងនៅជិតនរណាម្នាក់ដែលជក់បារី ងាយធ្វើឱ្យទារកប្រឈមនឹងវិបត្តិនៃការស្លាប់ដោយមិនដឹងមូលហេតុ។ សូមកុំយកទារកទៅជិតនរណាម្នាក់ដែលជក់បារី ព្រោះវាធ្វើឱ្យសួតទារកស្រូបយកនូវជាតិនីកូទីនដែលមានក្នុងបារី ដែលធ្វើឱ្យរចនាសម្ព័ន្ធនៃសួតទារកមានការផ្លាស់ប្ដូរ ហើយធ្វើឱ្យប្រព័ន្ធការពាររាងកាយ ចុះខ្សោយដែលធ្វើឱ្យក្មេងងាយឆ្លងនូវមេរោគផ្សេងៗ និងអាចឈានដល់ការបាត់បង់ជីវិត។
8. បញ្ចៀសការញ៉ាំគ្រឿងស្រវឹងក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល
ស្រ្តីដែលញ៉ាំគ្រឿងស្រវឹងក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឱ្យផ្នែកណាមួយនៃខួរក្បាល (brainstem) លូតលាស់មិនត្រឹមត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដង្ហើមរបស់ក្មេង និងសរីរាង្គកាយផ្សេងៗ។ ក្រោយកើត ម្ដាយដែលទំលាប់ញ៉ាំគ្រឿងស្រវឹងឥតឈប់ឈរ អាចធ្វើឱ្យទារកស្លាប់ដោយមិនដឹងមូលហេតុ។ ឧ. ម្ដាយ ឫ អាណាព្យាបាលដែលញៀនសុរា និងមានទារកតូចៗនៅផ្ទះ ងាយធ្វើឱ្យទារកប្រឈមនឹងកង្វះជាតិទឹក ជំងឺឆ្លង ថប់ដង្ហើម និងហឹង្សាលើទារកជាដើម ដែលទាំងអស់នេះហើយ អាចធ្វើឱ្យទារកប្រឈមនឹងការស្លាប់ដោយមិនដឹងមូលហេតុ។
9. តាមដានសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះ
ការតាមដានសុខភាពត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ ជួយកាត់បន្ថយកត្តាប្រឈមនូវការស្លាប់ដោយមិនដឹងមូលហេតុលើទារកតូចៗ។ ការតាមដានសុខភាពបានត្រឹមត្រូវ ជួយឱ្យម្ដាយដឹងពីលក្ខខណ្ឌសុខភាព ដែលក្នុងករណីម្ដាយមានជំងឺឆ្លង ឫ មានជំងឺរ៉ាំរ៉ៃណាមួយ ងាយធ្វើឱ្យប៉ះពាល់ដល់សុខភាពក្មេង។
10. ផ្ដល់ការចាក់វ៉ាក់សាំងដល់ទារក
ទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងគ្រប់ដូស ជួយឱ្យទារក និងកុមារជៀសផុតពីមេរោគកាចសាហាវមួយចំនួនធំ និងការស្លាប់ដោយមិនមានមូលហេតុច្បាស់លាស់ផងដែរ។
11. បង្រៀនទារកក្នុងលំនឹងនៃការផ្កាប់
ដាក់ទារកឱ្យលេងក្នុងលំនឹងសង្កត់លើពោះ ដែលវាជួយឱ្យស្មា និងសាច់ដុំទ្រូងក្មេងមានភាពរឹងមាំជាងមុន។ សូមដាក់ក្មេងឱ្យគេង ឫ លេង ដែលសង្កត់លើពោះតែពេលគាត់មិនងងុយគេង ឫ ពេលគាត់ទើបនឹងភ្ញាក់។
ប្រភព៖uvpediatrics.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង