សញ្ញាណទាំងនេះឫ បញ្ជាក់ថាក្មេងមានអាការៈទល់លាមក?
ទល់លាមកលើក្មេងតូចៗ ជាអាការៈដែលធ្វើឱ្យពួកគេពិបាកបន្ទោរបង់ ហើយសណ្ឋាននៃលាមក មានលក្ខណៈ រឹង ស្ងួត ដុំៗ ធុំក្លិនស្អុយជាងធម្មតា និង បត់ជើងតិចជាង 2 ទៅ 3 ដងក្នុងមួយសប្ដាហ៍។ បន្ថែមពីលើនេះទៀត ទារក និងកុមារអាចមានអាការៈឈឺពោះ ហើមពោះ មិនចង់ញ៉ាំ ឫ បៅ និងផោមញឹកញាប់។
កត្តាអ្វីខ្លះដែលធ្វើឱ្យក្មេងមានអាការៈទល់លាមក?
ទល់លាមកអាចបណ្ដាលមកពីវិបត្តិជាច្រើន ក្នុងនោះរួមមាន៖
- លើទារកអាយុក្រោម៦ខែ ដែលបៅរូបមន្តទឹកដោះគោម្សៅ
- បណ្ដាលមកពីការឆុងទឹកដោះគោមិនបានត្រឹមត្រូវតាមការណែនាំលើសម្បកកំប៉ុង (ភាគច្រើនដាក់ទឹកតិចជាងធម្មតា)
- ជ្រើសរើសប្រើទឹកសុទ្ធដែលមានជាតិរ៉ែខ្ពស់ (ជាតិរ៉ែងាយធ្វើឱ្យក្មេងក្តៀន)
- អាលែកហ្ស៊ីជាមួយសារជាតិមួយចំនួនក្នុងទឹកដោះគោម្សៅ
ចំពោះ ទារកបៅទឹកដោះម្ដាយ ដែលមានអាយុក្រោម៦ខែ មិនសូវមានបញ្ហាទល់លាមកនោះទេ លើកលេងតែទារកបៅទឹកដោះម្ដាយមិនបានគ្រប់គ្រាន់ដែលធ្វើឱ្យពួកគេ មិនសូវមានកាកសំណល់ (លាមក) បញ្ចេញមកខាងក្រៅ។
ឈានចូលវ័យ៦ខែឡើង ការទល់លាមករបស់ទារកអាចបណ្ដាលមកពី៖
- ការផ្លាស់ប្ដូរការបៅទឹកដោះម្ដាយ
- ការប្ដូរទឹកដោះគោម្សៅ ពីលេខមួយ ទៅ លេខមួយទៀត ឫ ប្តូរពីម៉ាកមួយ ទៅកាន់ម៉ាកមួយទៀត (មួយសប្ដាហ៍ ឫ ១០ថ្ងៃដំបូង ក្មេងអាចប្រឈមនឹងផលប៉ះពាល់លើប្រព័ន្ធរំលាយអាហារដូចជាការទល់លាមកជាដើម ដែលវាបណ្ដាលមកពីប្រព័ន្ធរំលាយអាហារក្មេងមិនទាន់សាំនឹងការផ្លាស់ប្ដូរនេះ)
- ការប្តូរពីការញ៉ាំអាហាររាវទៅជាអាហាររឹង ឫ ប៉ិៗ ដូចជាបបរខាប់គ្រប់គ្រឿង បបរកំប៉ុង បន្លែផ្លែឈើចំហុយ..
- ក្មេងញ៉ាំអាហារដែលក្រៀមក្រោះ មិនសូវសំបូរសារជាតិចិញ្ចឹមពិសេសដូចជាជាតិសរសៃ
- ក្មេងដែលញ៉ាំទឹកមិនបានគ្រប់គ្រាន់
- ក្មេងដែលមិនសូវលេង ឫ មានសកម្មភាពរាងកាយ
- ក្មេងដែលចូលចិត្តទប់ការបត់ជើងធំ
- ក្មេងដែលផ្លាស់ប្ដូរបៀបនៃការបត់ជើង (ឧ.ប្ដូរពីការជុះលើខោទឹកនោម ទៅជាការជុះលើកន្ថោរ)
- ក្មេងដែលស្ថិតនៅអាកាសធាតុក្ដៅស្អុះស្អាប់ជាប្រចាំ និងឱស្សាហ៍បែកញើស
- ក្មេងដែលមានវិបត្តិសុខភាព ដូចជាស្ទះពោះវៀន ឫ ខ្សោយពោះវៀន។ល។
អាណាព្យាបាលគួរមានដំណោះស្រាយយ៉ាងដូចម្ដេចដែរ?
ទារកដែលបៅរូបមន្តទឹកដោះគោម្សៅ មានអាយុក្រោម 6 ខែ៖
- សូមជ្រើសរើសប្រើទឹកឆ្អិនដាំពុះសម្រាប់លាយទឹកដោះម្សៅឱ្យក្មេង ឫ បើគ្មាន ម៉ាក់ប៉ាអាចជំនួសដោយទឹកសុទ្ធដែលមានជាតិរ៉ែទាប ឫ គ្មានជាតិរ៉ែ
- សូមធ្វើការលាយទឹកដោះម្សៅឱ្យបានត្រឹមត្រូវតាមការណែនាំលើសម្បកកំប៉ុងទឹកដោះ ព្រោះការលាយមិនបានត្រឹមត្រូវអាចធ្វើឱ្យក្មេងប្រឈមនឹងផលប៉ះពាល់ផ្សេងៗ ពិសេសការពិបាកបន្ទោរបង់
- បន្សាំជាមុនសិន មុននឹងធ្វើការប្ដូរចូលទឹកដោះម្សៅមួយប្រភេទទៀត
- ប្ដូររូបមន្តទឹកដោះម្សៅក្នុងករណីដែលគ្រូពេទ្យពិនិត្យឃើញថា ក្មេងអាលែកហ្ស៊ីនឹងសារជាតិក្នុងទឹកដោះ
ចំពោះទារកដែលបៅទឹកដោះម្ដាយ មានអាយុក្រោម៦ខែ បត់ជើងតិចជាងទំលាប់ធម្មតា នេះអាចបណ្ដាលមកពីក្មេងបៅទឹកដោះម្ដាយមិនបានគ្រប់គ្រាន់។ អាណាព្យាបាលអាច សង្កេតថាទារកបៅបានគ្រប់គ្រាន់ឫអត់ តាមរយៈ ៖
- ទារកបៅចំនួន 8 ទៅ 12 ដងក្នុងមួយថ្ងៃ
- ទារកសប្បាយរីករាយក្រោយបៅ និងអាចប្រលែងក្បាលសុដន់ដោយឯកឯង
- ទារកមានការឡើងទំងន់ចន្លោះមួយខាំកន្លះ ទៅពីរខាំកន្លះរៀងរាល់សប្ដាហ៍ក្នុងរយៈ 4 ខែដំបូង
- ខោទឹកនោមសើមលើសពី 6 ខោក្នុងមួយថ្ងៃ
ចំពោះក្មេងអាយុលើសពី៦ខែ អាណាព្យាបាលអាចកាត់បន្ថយ និងបញ្ចៀសការទល់លាមកតាមរយៈ ៖
- ផ្ដល់អាហារដែលសំបូរជាតិសរសៃដូចជា ល្ហុងទុំ ប៉ោម សេរី ចេកទុំ ទឹកក្រូចច្របាច់ និងបន្លែបៃតង ដូចជាស្ពៃប្រូខូលី ស្ពៃ បន្លែបៃតង ចូលក្នុងអាហារប្រចាំថ្ងៃរបស់គាត់
- សូមផ្ដល់ជាតិទឹកឱ្យបានគ្រប់គ្រាន់ដល់ពួកគេ
- ធ្វើការម៉ាស្សាជាប្រចាំលើទារក និងកុមារ តាមរយៈ ម៉ាស្សាជារាងទ្រនិចនាឡិកា ឫ គូថខ្យង លើកជើងទាំងពីរទៅមុខទៅក្រោយ 10 ទៅ 15 នាទីប្រចាំថ្ងៃ
- ទំលាប់ហៅក្មេងបត់ជើងជារៀងរាល់ព្រឹក និងងូតទឹកក្ដៅអុណ្ឌៗជូនគាត់។
ក្នុងករណីទល់លាមកបន្តជាប់រហូត និងទល់លាមកបណ្ដាលមកពីបញ្ហាសុខភាពដូចជា ស្ទះពោះវៀន ឫ ពោះវៀនទារកចុះខ្សោយ សូមប្រញាប់នាំទារកទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង