ការថែទាំទារកអាយុក្រោម១ឆ្នាំ ផ្ដោតសំខាន់ទៅលើអ្វីខ្លះ?
សូមស្វាគមន៍វត្តមាននៃសមាជិកថ្មី មកកាន់ក្រុមគ្រួសារលោកប៉ាអ្នកម៉ាក់។ ទន្ទឹមនឹងភាពរីករាយនៃវត្តមានសមាជិកថ្មី លោកប៉ាអ្នកម៉ាក់មានរឿងជាច្រើនដែលត្រូវសិក្សា ពិសេសលើការមើលថែទាំទារកទើបនឹងកើតថ្មីថ្មោង និងទារកដែលមានអាយុក្រោមមួយឆ្នាំ ដោយធ្វើយ៉ាងណាជួយឱ្យពួកគេមានសុខភាពល្អ និងធំធាត់ឡើងប្រកបដោយភាពរឹងមាំ និងបញ្ញាស្មារតីវាងវៃ។
ចុះអាណាព្យាបាលគួរធ្វើយ៉ាងណា ទើបជម្រុញឱ្យពួកគេមានសុខភាពល្អ និងរឹងមាំ?
- ផ្ដល់ឲ្យកូននូវទឹកដោះដំបូង និងបំបៅទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូង និងបន្តបំបៅរហូតដល់ទារកអាយុ២ឆ្នាំ ឫ លើស ទឹកដោះម្ដាយជាអាហារូបត្ថម្ភដ៏ល្អប្រសើរសម្រាប់ក្មេងតូចៗ ដោយវាមានផ្ដល់នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់ ពិសេសទឹកដោះម្ដាយផ្ដល់នូវអង្គបដិបក្ខដែលជួយការពាររាងកាយពីជំងឺឆ្លងផ្សេងៗ។ តាមអ្នកជំនាញបានបង្ហាញថា ការបំបៅទឹកដោះកូន ជួយដល់ការលូតលាស់ខួរក្បាលទារក និងបង្កើតភាពឆ្លាតវាងវៃដល់ពួកគេ។ លើសពីនេះ វាជួយបង្កើនភាពជិតសិ្នទ្ធរវាងម្តាយនិងកូន តាមរយៈការសំលឹងរកគ្នា ការប៉ះផ្ទាល់រវាងស្បែកម្ដាយ នឹងស្បែកទារកជាដើម។ ការបំបៅកូនដោយទឹកដោះម្តាយ ជួយឲ្យទារកឡើងទម្ងន់សមាមាត្រទៅនឹងអាយុ និងការពារទារកពីការលើសទម្ងន់ផ្សេងៗ ។
- រក្សាអនាម័យ សម្អាតសម្ភារៈទារកឱ្យបានស្អាត និងមានអនាម័យជាប់ជានិច្ច មិនថាទាំង កន្លែងទារកគេង ខោអាវ ខ្នើយកន្សែង សុដន់ម្ដាយ(ទារកបៅទឹកដោះម្ដាយ) លាងសំអាតដបទឹកដោះគោ(ក្មេងបៅទឹកដោះគោ) និងឧស្សាហ៍ប្តូរខោទឹកនោមកូនជាដើម។ សូមអាណាព្យាបាលជ្រើសរើសផលិតផលណាដែលណែនាំសម្រាប់ប្រើលើទារក ជៀសវាងការប្រើផលិតផលសម្រាប់មនុស្សពេញវ័យ មកប្រើលើក្មេងដែលអាចធ្វើឱ្យគាត់ងាយឈឺ និងមានជំងឺសើរស្បែកថែមទៀតផង។
- ផ្ដល់ការចាក់វ៉ាក់សាំងថ្នាក់ជាតិទាំង ១១មុខ ទារកដែលបានចាក់វ៉ាក់សាំងទាំង១១មុខ បានគ្រប់ដូស និងត្រឹមត្រូវតាមការកំណត់របស់ថ្នាក់ជាតិ ជួយការពារពួកគេពីជំងឺឆ្លងធ្ងន់ធ្ងរ និង ពិការភាពផ្សេងៗ។
- សូមកុំនាំទារកទៅកន្លែងដែលមិនស្អាត និងមានជំងឺច្រើន ទារកតូចៗមានប្រព័ន្ធការពាររាងកាយមិនសូវរឹងមាំដូចមនុស្សពេញវ័យ ដែលងាយនឹងធ្វើឱ្យពួកគាត់ឆ្លងជំងឺមួយចំនួនដោយមិនដឹងខ្លួន។ សូមអាណាព្យាបាលកុំនាំទារកទៅកន្លែងដែលសំបូរទៅដោយមេរោគ ដូចជាមន្ទីរពេទ្យ ឫ កន្លែងដែលមានបណ្ដុំមនុស្សច្រើន (កាត់បន្ថយឱ្យបានកាន់ច្រើន កាន់តែល្អ)
- ឱ្យទារកគេងឱ្យបានគ្រប់គ្រាន់ ទារកដែលគេងបានត្រឹមត្រូវ មានការលូតលាស់បានល្អ និងមានសុខភាពរឹងមាំ មិនសូវឈឺ ឡើងទំងន់ លូតកម្ពស់ ជាងក្មេងដែលគេងបានតិច។
- ញ៉ាំអាហារបន្ថែមនៅវ័យ៦ខែឡើង ឈានចូលដល់អាយុ៦ខែ ជាវ័យដែលទឹកដោះម្ដាយ ឫ ទឹកដោះគោ មិនអាចផ្ដល់សារជាតិចិញ្ចឹមគ្រប់គ្រាន់ពិសេសលើសារជាតិវីតាមីន និងសារជាតិរ៉ែ ដែលតម្រូវឱ្យទារកត្រូវទទួលអាហារបន្ថែម។ អាហារបន្ថែមទាំងនោះរួមមាន បបរខាប់គ្រប់គ្រឿង បបរកំប៉ុង ឫ បន្លែ ផ្លែឈើដែលយើងបានស្ងោរ និងកិនម៉ត់។
អាហារបន្ថែម ជាប្រភេទអាហារដែលសំបូរទៅដោយសារជាតិចិញ្ចឹម និងផ្សំឡើងពីអាហារចម្រុះមុខ ដែលស្ថិតក្នុងក្រុមអាហារទាំងបី ដូចជា៖
-
- អាហារថាមពល៖ បបរ បាយ សណ្ដែក ពោត ដំឡូង ប្រេងឆា ប្រេងអូលីវ ជាដើម។ ដែលវាជួយឱ្យទារក និងកុមារមានថាមពលគ្រប់គ្រាន់។
-
- អាហារសាងសង់៖ ដូចជា ត្រី កូនត្រីល្អិត សាច់ជ្រូក សាច់គោ ថ្លើម ស៊ុត សណ្ដែក ។ល។ វាជួយឱ្យរាងកាយកុមារលូតលាស់ប្រកបដោយសុខភាពល្អ និងរឹងមាំ។
-
- អាហារការពារ៖ បន្លែ ផ្លែឈើ ដូចជា ចេក សារី ប៉ោម ប៊ឺរ ល្ហុងទុំ ប្រូខូលី ស្ពៃ ការ៉ុត ដំឡូង។ល។ ជួយទារកមានសុខភាពល្អ និង ការពារទារកពីជំងឺឆ្លងផ្សេងៗ។
ប្រភព៖enea-sea.med.lmu.de
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង